សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
Showing posts with label ព័ត៌មានសន្តិសុខ. Show all posts
Showing posts with label ព័ត៌មានសន្តិសុខ. Show all posts

រដ្ឋមន្រ្តីសុខាភិបាល៖ អត្រានៃភាពពិការភ្នែកនៅកម្ពុជា ធ្លាក់ចុះនៅត្រឹម ០.៣៧% សម្រាប់ពលរដ្ឋទូទៅ និងត្រឹម ២.៥% សម្រាប់ពលរដ្ឋអាយុពី៥០ឆ្នាំឡើង

អ្នកទស្សនា: Views


 (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា តាមរបាយការណ៍របស់ កម្មវិធីជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ នៅកម្ពុជាមានអត្រានៃភាពពិការភ្នែក បានធ្លាក់ ចុះពី០.៣៨ % មក ០.៣៧ % ក្នុងចំណោមពលរដ្ឋទូទៅ និង ២.៨ % មក២.៥ % ចំពោះពលរដ្ឋកម្ពុជាដែល មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

លោកអះអាងបន្ថែមថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយបន្ថែមទៀត របស់កម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់សេវាសុខភាព ភ្នែកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីនេះប្រទេសកម្ពុជា បានសំរេចនូវសមិទ្ធិផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម រឺជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ២០១៥មក ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នៅសណ្ឋាគាភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះ មានការចូលរួមដោយ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំកម្ពុជា បាបប្លូ កាំង(Pablo Kang) រួមទាំង ប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលខេត្ត-ក្រុង ប្រធានមន្ទីរសុខាភិបាល ប្រធានអង្គការជាតិ និងអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរពេទ្យ ប្រធានអគារចក្ខុរោគ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀត។

លោករដ្ឋមន្រ្តី បានសម្តែងការអរគុណ និងកោតសរសើរ ចំពោះក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក នាយកដ្ឋានផែនការព័ត៌មាននៃក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាលក្នុងនិងក្រៅស្រុក ដែលបានខិតខំតាក់តែងចងក្រង និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីការ គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈស្របទៅនឹង ចក្ខុវិស័យ២០៣០(Insight 2030)របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាព ពិការភ្នែក។

លោកចាត់ទុកថា ផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះសម្រាប់ប្រជាជនកម្ពុជា ជាពិសេសមនុស្សចាស់ដែលមានកំណើនកាន់តែច្រើនឡើងៗ ហើយក៏ជួយលើកមុខមាត់ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់ដែលអត្រាភាពពិការភ្នែកកម្រិតទាបជាងប្រទេសជិតខាងគួរឱ្យមោទនៈ។ ក្រៅពីនេះផែនការយុទ្ធសាស្ត្រនេះ មានធាតុចូលយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២២- ២០៣០ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ របស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹង គុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខភិបាលតាមរយៈកម្មវិធីជាតិសុខភាពភ្នែក បានបង្កើនពង្រឹងគុណភាពនៃការផ្តល់សាវាចក្ខុសាស្ត និងពង្រីកវិសាលភាពសុខភាពភ្នែកទៅដល់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា។ ការថែទាំសុខភាព ភ្នែកបឋម ប្រព័ន្ធបញ្ចូនអ្នកជំងឺ និងប្រព័ន្ធព័ត៍មានត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើឡើងហើយត្រូវធ្វើសមាហរណ៍ កម្មដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។

ក្រសួងសុខាភិបាល ក៏បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល និងការអភិវឌ្ឍន៍នានា ក្នុងវិស័យចក្ខុរោគរយៈពេល ប្រមាណ២៦ឆ្នាំកន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយកាត់បន្ថយភាពក្រីក្រតាមរយៈ ការអភិឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំផ្សព្វផ្សាយយល់ដឹងស្តីពី សុខភាពភ្នែក និងការផ្តល់សេវាចក្ខុសាស្ត្រដល់មូលដ្ឋាន និងដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការ សុខភាពភ្នែកមានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្ត្រជាតិ លើកទី៣ សម្រាប់ការ គ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ដែលជាមហិច្ឆតាមួយដែលតម្រូវឲ្យពហុស្ថាប័នឯកជននិង រដ្ឋ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុង និងក្រៅស្រុកចូលរួមទាំងអស់គ្នាដើម្បីសម្រេចឲ្យ បាននូវគោលបំណងខាងលើ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង។

លោករដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នសុខាភិបាល និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ចូលរួមនឹងប្រែក្លាយ ផែនការយុទ្ធសាស្ត្រនេះ ឱ្យទៅជាផែនការសកម្មភាព ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាពភ្នែកកាន់តែប្រសើរឡើង សម្រាប់ប្រជាជនរបស់យើង។

ចាងហហ្វាង១រូប ប្ដឹងហាង Mode Storeទៅគយដើម្បីចាត់វិធានការ

អ្នកទស្សនា: Views

 


(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែមីនា  ឆ្នាំ២០២២ ចាងហ្វាង១រូប បានដាក់ពាក្យបណ្ដឹងមួយ គោរពជូនឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូឣមនាយករដ្ឋមន្ត្រី ឣគ្គនាយកនៃឣគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសំណើរសុំប្ដឹងលោកស្រី  ខេង ពិទូពុធធីតា ម្ចាស់ហាងMode Store មានទីតាំងស្ថិតនៅផ្ទះលេខៈ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមហ៊ុន សូលីឌឹស ម៉ាឃីធីង មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ៣៣១-៣៣២ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សឿម ណារិន ពាក់ព័ន្ធនឹងករណីគេចវេសពន្ធគយយ៉ាងធ្ងន់ធ្ងរ ក្លែងបន្លំឯកសារ និងការសំអាតប្រាក់។

ក្នុងបណ្ដឹងនោះបានឲ្យដឹងទៀតថា៖ យោងតាមប្រភពព័ត៌មានហាង Mode Store មានទំនិញប្រមាណជាង១០០មុខដែលផលិតផលមួយមុខៗមានតម្លៃរាប់ពាន់ដុល្លារសហដ្ឋអាមេរិក ហើយផលិតផលដែលចែកចាយ និងផ្សព្វផ្សាយលក់តាមអនឡាញទាំងនោះ ត្រូវបាននាំចូលពីបរទេសសុទ្ធតែជាម៉ាកល្បីៗ ពេញនិយមពាសពេញពិភពលោក ដោយមានការសង្ស័យក្នុងការនាំចូលទំនិញរបស់ហាង Mode Store ឃើញថា ផលិតផលទាំងនោះនាំចូលមកតម្លៃទាប ជាងទីផ្សារជាក់ស្ដែង ហើយនៅពេលដែលដាក់លក់ គឺលក់ក្នុងតម្លៃថ្លៃក្នុងទីផ្សារ។ ជុំវិញភាពករណីនេះវាហាក់បីមានភាពខុសប្រក្រតី ដោយអ្នកនាំចូលអាចទម្លាក់តម្លៃផលិតផលដែលនាំចូលអោយទាបជាងទីផ្សារ ដើម្បីបង់ពន្ធនាំចូលទាប ហើយនៅពេលដែលដាក់លក់ក្នុងទីផ្សារខ្ពស់ដើម្បីយកចំណេញទ្វេរដង។  

បណ្ដឹងដដែលបានបន្ថែមទៀតថា៖ យោងតាមប្រភពវិក័យបត្ររបស់ហាង Mode Store គឺទិញចូលក្នុងតំលៃធូថ្លៃ ហើយលក់ចេញក្នុងតំលៃខ្ពស់កប់ពពក បែរជាប្រកាស់ពន្ធជូនរដ្ឋវិញ តំលៃ នាំចូលចន្លោះ ពី ១០ដុល្លា ទៅ ១០០ដុល្លាតែប៉ុណ្ណោះ ជាពិសេសទៅទៀតនោះគឺ មុខទំនិញដែល ហាង Mode Store ទិញមកនោះគឺមិនមែនជាទំនិញដែល Original ពីក្រុមហ៊ុនដើមឡើយ។  ភាពមិនប្រក្រតីរបស់ហាងMode Store ដែលមានឈ្មោះ ខេង ពិទូពុធធីតា អាចក្លែងរបាយការណ៍ដើម្បីកេងចំណេញពីការបង់ពន្ធនាំចូល និង សារពើពន្ធជូនរដ្ឋ ព្រមទាំងអាចធ្វើការបោកប្រាស់ប្រជាពលរដ្ឋដែលមិនដឹងអំពីស្ថានភាពនៃអាជីវកម្មបោកបន្លំភ្នែកកម្រិតខ្ពស់នៃផលិតផលនីមួយៗទៀតផង អំពើនេះក៏ជាការអនុវត្តមិនសុច្ចរិតនឹងទំនិញដោយហេតុ ការបន្លំ ឬអះអាងមិនពិត នៃគុណភាព បរិមាណនិងភាពស្របច្បាប់របស់ផលិតផលផងដែរ។ 

ជុំវិញបញ្ហានេះមហាជនជាច្រើនបានដាក់ការសង្ស័យថា តើហាង Mode Store ដែលមានឈ្មោះ ខេង ពិទូពុធធីតា បានទូទាត់ ឬបង់ពន្ធជូនរដ្ឋត្រឹមត្រូវដែរ ឬយ៉ាងណា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះរហូតមកទល់បច្ចុប្បន្ន?តើឈ្មោះ ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store បានបង់ពន្ធនាំចូលត្រឹមត្រូវដែរឬ?តើប្រាក់ចំណេញដែលកើតចេញពីស្ថានភាព នៃការគេចវេស ឬគៃបំបាត់ពន្ធរដ្ឋ បូករួមទាំងផលដែលកើតចេញពីអំពើមិនសុច្ចរិតក្នុងពាណិជ្ជកម្មផងនោះ ឬអាចហៅថាជាលុយខ្មៅដែរទេ?

ទោះបីយ៉ាងណាចម្ងល់របស់មហាជនខាងលើនេះ មានតែក្រសួងស្ថាប័នពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ជាពិសេសឧត្តមបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូឣមនាយករដ្ឋមន្ត្រី ឣគ្គនាយកនៃឣគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប៉ុណ្ណោះដែលអាចស្វែងរកការពិតជូនមហាជនបាន ។

ក្នុងសំណុំរឿងនេះ មហាជនសំណូមពរដល់ ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមបណ្ឌិត គុណ ញឹម ចុះធ្វើអធិការកិច្ច និងចាត់វិធានការយ៉ាងរឹងបំផុតចំពោះឈ្មោះ ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store  និង ឈ្មោះ សឿម ណារិន អគ្គនាយកក្រុមហ៊ុន សូលីឌឹស ម៉ាឃីធីង ពីព្រោះថាការគេចវេសមិនបង់ពន្ធ និងការលាងសំអាតប្រាក់ គឺជាបទល្មើសកម្រិតធ្ងន់ វាពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចជាតិទាំងស្រុង ដល់ចំណូលរបស់រដ្ឋទាំងមូលដោយត្រូវបានពឹងផ្អែកមួយផ្នែកធំទៅលើការប្រមូលពន្ធនាំចូល និងការប្រកាសពន្ធលើអាជីវកម្មក្នុងស្រុក ប៉ុន្តែប្រសិនបើក្រុមហ៊ុនអាជីវកម្ម ឬបុគ្គលដែលច្បាប់កំណត់ថាជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ បែរជាគេចពន្ធ នោះធ្វើអោយរដ្ឋបាត់បង់ចំណូល ដែលវាបណ្ដាលអោយដំណើរការប្រព្រឹត្តទៅរបស់រដ្ឋត្រូវធ្លាក់ចុះ ហើយរាំងស្ទះការភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍន៍ផ្សេងៗទៀត ត្រូវបានកាត់បន្ថយ។ ចំណុចនេះផងដែរ អំពើខាងលើទៀតសោធន៍ ក៏ជាការប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការប្រមូលពន្ធ និងទប់ស្កាត់ការលាងសំអាតប្រាក់៕




















លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ផ្ញើសារអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងការអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន

អ្នកទស្សនា: Views

  ភ្នំពេញ: ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ផ្ញើសារអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដោយបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនពីវីរុសកូវីដ-១៩។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ៖ “ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំសូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ តាមបីបាច់ថែរក្សាជូន

ចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ និងសូមប្រកាន់ខ្ជាប់នូវវិធានការ ០៣ការពារ និង០៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា”។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក៏បានចូលរួមអបអរ និងជូនពរផងដែរ ដោយលោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់នៅក្នុងសារជូនពរថា ៖ “ពិធីបុណ្យចូលឆ្នាំថ្មីនេះគឺឱកាសដ៏វិសេសវិសាល បន្ទាប់ពីមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះ។ ក្នុងនាមអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា យើងខ្ញុំពិតជាមានក្ដី

រំភើបរីករាយ សូមចូលរួមប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីនេះជាមួយប្រជាជនកម្ពុជាទាំងអស់ ហើយយើងយល់យ៉ាងច្បាស់អំពីសារៈសំខាន់ក្នុងការជួបជុំគ្នាជាថ្មីម្ដងទៀតជាមួយមនុស្សជាទីស្រលាញ់នាឱកាសដ៏មានសារៈសំខាន់មួយនេះ”។ ក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវចំនួន ៣ចំណុច ដែលមានខ្លឹមសារទាំងស្រុងថា៖ ទី១ យើងគួរជួបជុំគ្នា និងរីករាយចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩ ។ នៅពេលចូលរួមរីករាយជាមួយគ្រួសារ និងមិត្តភក្តិ យើងត្រូវចងចាំទាំងអស់គ្នាថា អ្នកដែលងាយរងគ្រោះបំផុតនោះគឺមនុស្សដែលមានវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ បុគ្គលិក

សុខាភិបាល និងស្ត្រីមានផ្ទៃពោះ។ យើងទាំងអស់គ្នាសុទ្ធសឹងតែមានក្រុមមនុស្សងាយរងគ្រោះទាំងនេះនៅក្នុងគ្រួសារ និងសហគមន៍របស់យើង ហើយយើងគឺជាអ្នកសម្រេចចិត្តក្នុងការការពារពួកគេ។ ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាបង្ហាញនូវការគោរពចំពោះមនុស្សដែលមានវ័យចំណាស់ ហើយការពារសមាជិកគ្រួសារដែលជាមនុស្សដែលមានវ័យចំណាស់ឱ្យរួចផុតពីជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃភារកិច្ច និងវប្បធម៌ដ៏គួរឱ្យគោរពរបស់យើង។ បន្ទាប់ពីមានជំងឺរាតត្បាតជាសកលអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់អំពីវិធានការរក្សាសុវត្ថិភាពដល់គ្នាទៅវិញទៅមក។

 កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានៅក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដែលជាវិធានការការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា គឺពិតជាមានប្រសិទ្ធភាព ហើយនេះគឺជា មូលហេតុដ៏ចម្បងដែលយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំនេះបាន។ ជាការពិតណាស់ ការរាតត្បាតជាសកលនៃជំងឺនេះ គឺមិនទាន់ចប់នៅឡើយនោះទេ ហើយវីរុសនេះនៅតែបន្តឆ្លងនៅជុំវិញពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ យើងត្រូវបន្តរក្សានូវការប្រុងប្រយ័ត្ន និងការពារការកើនឡើងនៃជំងឺនេះម្ដងទៀតនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដូច្នេះយើងត្រូវបន្តរួមចំណែកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយនិរន្តរភាព និងបើក

ដំណើរការប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ។ ជាបឋម យើងត្រូវប្រាកដថាប្រជាជនដែលគ្រប់លក្ខខណ្ឌទាំងអស់បានទទួលវ៉ាក់សាំងពេញលេញ ស្របទៅតាមកាលវិភាគកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងដូសជំរុញផងដែរ។ សមិទ្ធផលនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នេះ គឺពិតជាគួរឱ្យកត់សម្គាល់ និងគួរឱ្យកោតសរសើរបំផុត។ ឥឡូវនេះ ការចាក់ដូសជំរុញ គឺពិតជាពេលវលាដ៏ត្រឹមត្រូវ និងកាន់តែមានសារៈសំខាន់សម្រាប់សមាជិកគ្រួសារដែលមានវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។ ការដែល សមាជិកដែលគ្រប់លក្ខខណ្ឌទាំងអស់ បានចាក់វ៉ាក់សាំងបាន

ពេញលេញនឹងជួយបន្ធូរបន្ថយហានិភ័យនៅពេលជួបជុំគ្នា។ ការទទួលបានដូស ជំរុញ គឺមានការចាំបាច់ជាខ្លាំងក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ដែលចាំបាច់ដើម្បីការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការចូលសម្រាកពេទ្យ។ ទី២ សូមប្រជាជនទាំងអស់គ្នាគិតគូរអំពីទីតាំងល្អបំផុត និងសុវត្ថិភាពបំផុតក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ទីតាំងខាងក្រៅដែលមានខ្យល់អាកាសបរិសុទ្ធ ឬកន្លែងដែលមានលំហូរខ្យល់ចេញចូលល្អ គឺជាជម្រើសទីតាំងដ៏ល្អ និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងមិត្តភក្តិទាំងអស់គ្នា។ ការបើកបង្អួចក៏អាចជួយឱ្យមានខ្យល់ចេញចូលបានល្អផងដែរ។ ប្រសិនបើអ្នកមានកង្ហារ សូមដាក់វានៅជិតបង្អួចដើម្បីជួយឱ្យខ្យល់បរិសុទ្ធពីខាងក្រៅចូលក្នុងបន្ទប់។ សូមគិតផងដែរអំពីកន្លែងដែលអ្នកងាយរងគ្រោះត្រូវអង្គុយ៖ តើយើងអាចរៀបចំឱ្យគាត់អង្គុយនៅជិតបង្អួចដែរឬ

ទេ? តើយើងអាចអង្គុយដោយរក្សាគម្លាតពីគ្នានៅជំវិញតុដែរឬទេ? សូមឱ្យអ្នកដែលមិនស្រួលខ្លួននៅក្នុងផ្ទះកុំចេញទៅណាឱ្យសោះ។ ទី៣ សូមធ្វើការពិចារណា និងជ្រើសរើសជម្រើសដ៏ត្រឹមត្រូវនៅក្នុងការការពារខ្លួនយើង និងគ្រួសារ ព្រមទាំងសហគមន៍។ ជំងឺរាតត្បាតជាសកលគឺមិនទាន់ចប់នៅឡើយទេ។ ការអនុវត្តវិធានការសុខាភិបាល និងសង្គម គឺនៅមានសារៈសំខាន់ ជាពិសេសនៅក្នុងតំបន់ដែលមានការចម្លងដោយវីរុសអូមីក្រុង។ ជាការពិតណាស់ យើងមិនអាចពាក់ម៉ាសនៅពេលទទួលទានអាហារ និងភេសជ្ជៈបានទេ។ ហើយការជប់លៀងជាមួយនឹងគ្រួសារ គឺពិតជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំរួមគ្នា។ ដូច្នេះ សូមព្យាយាមទទួលទានអាហារនៅបរិវេណខាងក្រៅ ឬនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ ហើយត្រូវប្រាកដថា យើងបានរក្សាគម្លាតសុវត្ថិភាពបានល្អតាមដែលអាចធ្វើទៅបាន។ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការអបអរសាទរដ៏សំខាន់មួយ ហើយខ្ញុំពិតជាមានក្ដីរំភើបក្នុងការស្ថិតនៅក្នុងប្រទេសដ៏ល្អអស្ចារ្យមួយនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២ ដ៏ពិសេសនេះ ។

 សូមបង្ហាញនូវក្ដីស្រលាញ់ និងការគោរពចំពោះគ្រួសាររបស់យើង តាមរយៈការធានាថាយើងកំពុងការពារពួកគាត់ពីជំងឺកូវីដ-១៩ ខណៈដែលរីករាយនាថ្ងៃឈប់សម្រាកដែលសមនឹងទទួលបាននេះ។ វីរុសនេះនៅតែបន្តរីករាលដាលនៅក្នុងសហគមន៍ហើយនឹងអាចមានឱកាសឆ្លងបន្ថែមទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់។ សូមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងលក្ខណៈមួយដែលមានសុវត្ថិភាព ខណៈដែលយើងអាចរីករាយជាមួយនឹងមនុស្សដែលយើងស្រលាញ់ជាទីបំផុត។ សូមរម្លឹកថា ដោយសារតែកម្ពុជាមានស្ថិតិនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្ពស់ ព្រមទាំងបានគ្របដណ្តប់ពេញផ្ទៃប្រទេស ទើបសម្តេចប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យមានការរៀបចំ និងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើងវិញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ៕ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ Dara
 

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមូលដ្ឋានជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ បានដំណើរការហើយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ

អ្នកទស្សនា: Views

     



 ភ្នំពេញ :ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាណាព្យាបាលកុមារ ត្រូវនាំកូន ចៅ មកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ជូនកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ និង១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានអាណាព្យាបាល នាំកូន ចៅរបស់ពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើន នៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ បានកំណត់រួច ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ និងដល់១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះដូចគ្នាផងដែរ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តន៍ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង០៨:០០នាទីព្រឹកដល់ម៉ោង១៧ៈ០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

ករណីស្រ្តីជាប្រពន្ធ បានឃុបឃិតជាមួយសហាយរៀបចំគម្រោងការសម្លាប់ប្តីរបស់ខ្លួន...

អ្នកទស្សនា: Views


ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង ១១ និង៤៧នាទីព្រឹកថ្ងៃទី០៦  ខែកុម្ភ: ឆ្នាំ២០២២ បែកធ្លាយនូវរឿងរ៉ាវករណីឃាតកម្មមួយនៅចំណុចចំការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីស្រ្តីជាប្រពន្ធ បានឃុបឃិតជាមួយសហាយរៀបចំគម្រោងការសម្លាប់ប្តីរបស់ខ្លួន ដោយល្បួងឱ្យផឹកស្រារហូតដល់ស្រវឹង រួចដាក់ថ្នាំពុលបាញ់ស្មៅក្នុងកែវឱ្យជនរងគ្រោះ លុះក្រោយមកយកទៅបោះចោលក្នុងព្រៃដំឡូងមី និងយកដំបងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលស្លាប់តែម្តង។  


បើតាមការរៀបរាប់ពីលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ សពជនរងគ្រោះដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករ។ ចំណែកជនសង្ស័យមានឈ្មោះ ខឹម ឈន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងសហាយមាន ឈ្មោះ ខៀវ សង្ហា ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងអស់គ្នា មានទីលំនៅក្នុងភូមិទំនប់ ឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពបន្តទៀតថា ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនគរបាលថា ៖ ពួកគេបា នបបួលជនរងគ្រោះផឹកស្រាសនៅក្នុងផ្ទះ រហូតដល់ជនរងគ្រោះស្រវឹង ក៏បានលួចដាក់ថ្នាំពុលបាញ់ ស្មៅ (ប្រភេទទឹកឃ្មុំ)ចូលក្នុងកែវស្រា បណ្តាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតី ទើបយកជនរងគ្រោះ  ទៅក្នុងចំការដំឡូងមី ឆ្ងាយពីផ្ទះបន្តិច បន្ទាប់មកក៏យកដំបងវាយសម្លាប់ជនរងគ្រោះនៅក្នុងចម្ការតែម្តង ។ លោកអធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងតាំងពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២មកម្លេះ ខណ:ពេលរប្រជាពលរដ្ឋចូលទៅដកដំឡូងមីក្នុងចម្ការក៏បានប្រទះឃើញសពជនរងគ្រោះ ទើបរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលបានដំណឹងនេះភ្លាម នគរ បាលជំនាញ និងគ្រូពេទ្យក៏ចុះទៅធ្វើកោសល្យវិច្ច័យ ពិនិត្យលើសព ដោយមានសភាពស្អុយរលួយ  តែផ្នែកក្បាលចំហៀងខាងស្ដាំត្រង់ចំណុចឆ្អឹងថ្ពាល់ មានស្នាមប្រេះប្រវែង៣ស.ម និងរលួយសាច់អស់។ 

ក្រោយពីសមត្ថកិច្ចនគរបាលជំនាញផ្នែកបច្ទេកទេស និងវិទ្យាសាស្ត្រនៃស្នងការខេត្តប៉ៃលិនបានពិនិត្យដោយសនិ្នដ្ឋានថា ៖ សពជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្មប្រាកដមែន។ ក្រោយមកក៏ប្រគល់សពជនរងគ្រោះទៅអ្នកភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័័យទាំង២រូប ត្រូវបាននគរបាលសួរនាំបន្ថែម និងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្ត៕ ដោយ ៖ ប៉ៃលិន ថ្មី



អាជ្ញាធរខណ្ឌកំបូលចុះប្រមូលសំរាមរាយប៉ាយ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណជនវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ

អ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក សេង គន្ធ អភិបាលរង តំណាងឱ្យអភិបាលខណ្ឌលោក ឃឹម ស៊ុនសូដា នៅរសៀលថ្ងៃ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ រួមជាមួយមន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌ មន្ត្រីបរិស្ថាននៃសង្កាត់ទាំង៧ មេភូមិ ប្រជាការពារភូមិ និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីស៊្យូដា បានចុះប្រមូលសំរាមរាយប៉ាយ តាមបណ្ដោយផ្លូវជាតិលេខ៤ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវ ក្នុងគោលបំណងបរិស្ថានស្អាត លើកកម្ពស់សោភណភាពទីក្រុង ។

ជាមួយគ្នានោះដែរលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល ក៏បានធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណជន ឱ្យរៀបចំវេចខ្ចប់បញ្ចេញសំរាម ស្របតាមលិខិតបទដ្ឋាននានា និងតាមគោលការណ៍ណែនាំដែលបានដាក់ចេញ នាពេលកន្លងមកដោយសាលារាជធានីភ្នំពេញផងដែរ។

សកម្មភាពទាំងនេះក្នុងគោលបំណង រួមគ្នាសម្អាត និងថែទាំទីក្រុងឱ្យបានស្អាតស័ក្ដិសមជាទីក្រុងស្អាត សេវាល្អ ដើម្បីលើកកម្ពស់សោភណភាពទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនារាជធានីភ្នំពេញ កាន់តែច្រើនឡើងថែមទៀត ។

លោក សេង គន្ធ ក៏បានអំពាវនាវដល់សាធារណជន សូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំ ។ ក្នុងករណីដែលមិនព្រមអនុវត្តតាមការកំណត់ រដ្ឋបាលខណ្ឌនឹងអនុវត្តន៍នូវវិធានការរដ្ឋបាល និងលិខិតបទដ្ឋានដែលនៅជាធរមាន ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara


ក្រុមឆៀកចល័តធ្វើការពិន័យដល់ម្ចាស់យានយន្តហួសសុពលភាពក្នុង១ថ្ងៃ៥០០ទៅ២០០០រៀល

អ្នកទស្សនា: Views

 

ខេត្តប៉ៃលិន ៖ នៅកន្លែងធ្វើឆៀករថយន្ត គេសង្កេតឃើញមានរថយន្តតូចធំមួយចំនួន បានហួសសុពលភាព ដែលត្រូវឆៀកម្តងទៀត ដោយអ្នកខ្លះហួសរហូតដល់ ១ខែ ២ខែ និងខ្លះទៀតហួសដល់៥ទៅ៦ខែឯណោះ ដោយត្រូវបានពិន័យចាប់ពី៥០០រៀល ដល់២០០០រៀលក្នុង១ថ្ងៃ ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលមានរថយន្តជិតដល់ថ្ងៃត្រូវធ្វើឆៀកម្តងទៀត ត្រូវប្រញាប់យករថយន្តទៅឆៀកដើម្បីកុំឱ្យមានការផាកពិន័យ ។ 

  ហេតុការណ៍ផាកពិន័យរថយន្តហួសសុពលភាពថ្ងៃខែឆៀកនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។ 

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលយករថយន្តទៅឆៀកបានរៀបរាប់ឱ្យដឹងថា ៖ ពី១ថ្ងៃទៅ១ថ្ងៃ ពួកគាត់ចេះតែភ្លេចយករថយន្តរបស់ខ្លួន ដែលហួសសុពលភាពថ្ងៃខែកំណត់ទៅឆៀក ដោយអ្នកខ្លះហួស១ខែ ខ្លះហួស២ ទៅ៣ខែ និងមានអ្នកខ្លះទៀតហួសថ្ងៃកំណត់ឆៀក រហូតដល់ជិត១ឆ្នាំផងដែរ ។ ដូច្នេះ គាត់ត្រូវបង់ថ្លៃពិន័យម្នាក់ៗ ទៅតាមរថយន្តតូច ឬធំ ដោយគិតជាថ្ងៃ បើរថយន្តតូច ត្រូវផាកពិន័យ១ថ្ងៃ៥០០រៀល បើរថយន្តធំ ត្រូវផាកពិន័យ១ថ្ងៃ ចំនួន១០០០ទៅ២០០០រៀល ។   ចំណែកខាងមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ក្រុមឆៀក ចល័តទាំងនេះ មកពីខេត្តបាត់ដំបង ដោយចាប់ផ្តើមធ្វើឆៀករថយន្តអស់រយ:ពេល១អាទិត្យមកហើយ ដោយនៅថ្ងៃនេះ ជាថ្ងៃចុងបញ្ចប់ ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលមិនទាន់បានយករថយន្តទៅឆៀកសូមប្រញាប់ បើសិនជាហួសុពលភាព នឹងធ្វើការផាកពិន័យ ដោយ១ថ្ងៃចាប់ពី៥០០ទៅ២០០០រៀល ។ ចំពោះការផាកនេះ គឺធ្វើឡើងនៅទូទាំងប្រទេស ព្រោះដើម្បីពិនិត្យមើលលក្ខណ:បច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជៀសវាងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ៕ ដោយ ៖ នាក់ ង៉យ







ឪពុកម្តាយយាយតា សម្រុកនាំកូនចៅទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺចូលសហគមន៍ និងបានចូលរៀនឡើងវិញ

អ្នកទស្សនា: Views

 


ខេត្តប៉ៃលិន ៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងលេខ ២០០/២១សជណ. ស្តីពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់កុមារ មានអាយុចាប់ពី០៦ឆ្នាំ និងអាយុក្រោម១២ឆ្នាំ ដែលរស់នៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ គេសង្កេតឃើញយាយតាឪពុកម្តាយកុមារជាច្រើននាក់ បានសម្រុកនាំកូនចៅ របស់ខ្លួនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ និងឆាប់បានទទួលការចូ លរៀនឡើងវិញ ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការដំបូង រហូតមកដល់ពេលនេះ ឪពុកម្តាយយាយតា ដែលមានកូនចៅចាប់ពីអាយុ០៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ បានសម្រុកនាំគ្នាទៅកាន់មណ្ឌលចាក់វ៉ាក់សាំង នានាទូទាំងខេត្ត ដោយធ្វើការចាប់លេខរៀង និងតម្រង់ជួរ ដើម្បីទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។ ទោះបីជាមើលទៅហាក់ដូចជា មនុស្សច្រើន ត្រូវ ចំណាយពេលយូរបន្តិច តែក្រុមការងារ និងគ្រូពេទ្យ បានណែនាំឱ្យកុមារទាំងអស់ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ការពារកុំឱ្យឆ្លងជំងឺនៅកន្លែងចាក់វ៉ាក់សាំងផងដែរ ។  

 លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋបាលខេត្ត បានរៀបចំផែ នការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ តាមរយៈគោលការណ៍ចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យខ្ពស់ ។ លោកជំទាវបានបញ្ជាក់ថា តំណាងឲ្យក្មួយៗ កុមារដែលមានអាយុចាប់ពី០៦ ដល់អាយុក្រោម១២ឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋ មាតាបិតា ឬ អាណាព្យាបាលទូទាំងខេត្ត សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខ គិតគូរ ពីសុខភាព ជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ប្រជាពលរដ្ឋខេត្តប៉ៃលិនតែម្តង ។

គួររំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ ចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨ និង០០នាទី ដល់ម៉ោង១១ និង០០នាទីព្រឹក ពេលរសៀលចាប់ពីម៉ោង ២ និង០០ នាទីរសៀល ដល់ម៉ោង ៥ និង០០នាទីល្ងាច ពោលគឺបើកយុទ្ធនាការចាក់វ៉ាក់សាំងរយ:ពេល២សប្តាហ៍ ដែលមាននៅទីតាំងដូចតទៅ ៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ មណ្ឌលសុខភាពផ្សារព្រំ  ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មណ្ឌលសុខភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ លើសពីនេះ សូមកុំភ្លេចភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត  សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ផងដែរ ៕ ដោយ ៖ នាក់ ង៉យ