សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​

អ្នកទស្សនា: Views



​ភ្នំពេញ​៖​ក្រៅពី​មាន​តួនាទី​ជា​ម្តាយ​ដ៏​ល្អ​លើ​ការងារ​គ្រប់គ្រង​និង​ថែទាំ​ក្រុមគ្រួសារ ស្ត្រី​គឺជា​ដៃគូ​សហការ និង ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិ វ​ឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​កម្មវិធី​អបអរ​ទិវា​អន្តរជាតិ​នារី នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២​។​

​ឆ្លងកាត់​ការងារ​ក្នុង​ពិភព​អាជីវកម្ម លោក​ឧកញ៉ា​សង្កេតឃើញ​ថា ម្ចាស់​អាជីវកម្ម​ធន​តូច​និង​មធ្យម​ភាគច្រើន​ស្ត្រី​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ ដូចជា​ការលក់​ចាប់ហួយ​ម្ហូប អាហារ​សំលៀកបំពាក់​មុខរបរ​កសិកម្ម​និង​សម្ភារៈ​ផ្សេងៗ​ទៀត​លើសពីនេះ​រួមទាំង​ការងារ​ចាត់ចែង​ការចំណាយ​ផ្សេងៗ​ក្នុង​ក្រុមគ្រួសារ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​ជាក់ស្តែង​នៅ​បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​មាន​បុគ្គលិក​ជា​ស្ត្រី​ជិត​៧០​ភាគរយ​បាននិងកំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​គាំទ្រ និង​អភិវឌ្ឍ​សាលារៀន​។​

​ចំពោះ​សមាសភាព​រវាង​បុរស និង​ស្ត្រី​វិញ លោក​ឧកញ៉ា​បាន​បន្តទៀតថា ក្នុងការ​បំពេញការងា​រ​និង​ការសម្រេចចិត្ត​លើ​ការអភិវឌ្ឍ​ស្ថាប័ន និង​សង្គមជាតិ​គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ពី​ស្ត្រី​តាមរយៈ​សកម្មភាព​ចូលរួម​និង​ការបញ្ចេញ​គំនិត​យោបល់​ដើម្បី​ទទួលបាន​ការសម្រេចចិត្ត​ល្អ​មួយ​។​

​លោក​ឧកញ៉ា​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ត្រូវមាន​ចក្ខុវិស័យ និង​គោលដៅ​ដ៏​ច្បាស់លាស់​នៅពេល​អនាគត ផ្តល់​តម្លៃ​និង​អំណាច មាន​ទំនុកចិត្ត​ខ្ពស់​និង​មិន​រើសអើង​នឹង​ខ្លួន ឯង បង្កើន​ភាព​ពេញលេញ​និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ការងារ អភិវឌ្ឍ​សមត្ថភាព​និង​បង្ហាញ​ពី​សក្តានុពល​ខ្លួនឯង ដើម្បី​ទទួលបាន​ឋានៈ​និង​តួនាទី​ក្នុង សង្គម​បន្តទៀត​។

​សម្រាប់​ទិសដៅ​របស់​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​ស្ត្រី លោក​ឧកញ៉ា​នឹង​ពិភាក្សា​ស្វែងរក​លទ្ធភាពផ្តល់​អាហារ​រូបករណ៍​ដល់​កុមារី យុវតីរៀបចំ​វគ្គ​បណ្តុះបណ្តាលនិង​សិក្ខាសាលា​នានា​ដោយ​អញ្ជើញ​វាគ្មិន​ល្បីៗ ផ្នែក​អាជីវកម្ម ឬ​វិស័យ​ផ្សេងៗ​មក​ចែករំលែក​បទពិសោធនិង​ចំណេះដឹង ដើម្បី​កសាង​ភាព​អង់អាចនិង​ពង្រឹងសមត្ថភាព​បុគ្គលិក​ស្ត្រី​ឲ្យ​កាន់ តែ​ប្រសើរឡើង​បន្ថែមទៀត ៕








លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន ទទួលប្រាក់ឧបត្ថម្ភប្រចាំខែមីនា​ ឆ្នាំ២០២២ មូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

អ្នកទស្សនា: Views

 


ប៉ៃលិន៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ ព្រឹក ថ្ងៃទី០៥ ខែមីនា​ ឆ្នាំ​២០២២​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែមីនា ពីក្រុមការងាររបស់មូលនិធិ។

ឯកឧត្តម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​លោកជំទាវ បានស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមតំណាងរាស្ត្រ បានលើកឡើងថា មូលនិធិនេះបាន បង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និង និន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ឯកឧត្តមក៏បានអំពាវនាវដល់ ដល់លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់ដោយ ក្នុងម្នាក់ៗ​ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕ នាក់ ង៉យ









ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សា ចំនួន០៣ ក្នុងរាជធានីភ្នំពេញ

អ្នកទស្សនា: Views




ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន ០៣ នៅរាជធានីភ្នំពេញ មាន សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ , សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សា ព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ។ 

 ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះដំណើរទៅមុខ ដែលកើតចេញពីការរួមគ្នា​កសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស និងសូមបន្តក្រើនរំឭកផងដែរដល់យុវជន-យុវនារីកម្ពុជា ឱ្យខិតខំប្រឹងប្រែង រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួម ចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិង កំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបាន ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវី-១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជា ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ ។

 ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគោរព ថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់គិតគូរជាអាទិភាព ដល់វិស័យអប់រំ និងការបណ្តុះធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកានិងសម្ភារៈ ដើម្បីកសាង សាលារៀនទូទាំងប្រទេស ប្រយោជន៍ក្នុងការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់ យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ បានយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាកត្តាចម្បង ដែលសក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ។ 

ទោះបីស្ថានការណ៍នៃសង្រ្គាមកូវីដ-១៩នេះ មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រងបញ្ហាដែលទាក់ទិននឹងជំងឺនេះ ដោយសម្តេចបានការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយសារជំងឺរាតត្បាតសាកលនេះ តាមរយៈការកៀរគរ ស្រោចស្រពវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសនៅទូទាំងផ្ទៃប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលយ៉ាងត្រចះត្រចង់។ 

 ទន្ទឹមនឹងនេះ កត្តាជោគជ័យក្នុងទិដ្ឋភាពមួយទៀត គឺស្តែងឡើងតាមរយៈការជឿទុកចិត្តមកលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅពេញផ្ទៃប្រទេស ដោយម្នាក់ៗបានចូលរួម ចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ បានគ្រប់ៗគ្នា។ 

ប្រសិនបើយើងក្រទ្បេកទៅមើលទង្វើរបស់អ្នកនយោបាយអគតិជ្រុលនិយមមួយចំនួនវិញ គឺពួកគេមិនបានធ្វើអ្វី ក្រៅតែពី ការព្យាយាមឆក់យកឱកាសនេះបញ្ចុះបញ្ចូល បំភ្លៃការពិត និងធ្វើការឃោសនាអុចអាលរកលេសចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជាតាមគ្រប់រូបភាពយ៉ាងងងឹតងងុល ដោយគ្មានសកម្មភាពណាមួយ ដែលជួយជាប្រយោជន៍ដល់ប្រជាជន និងប្រទេស ជាតិឡើយ ៕

 


អ្នកទស្សនា: Views

   ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ចូលជួបពិភាក្សាការងារ




ភ្នំពេញ: ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន TOTAL Energies

 (CAMBODIA) Co., LTD ដឹកនាំដោយលោក Jean LESCURE អគ្គនាយករងទទួលបន្ទុកតំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ផងដែរ។ ជាមួយគ្នានេះដែរ ជំនួបពិភាក្សាការងារនេះផ្តោតជាសំខាន់ លើការជំរុញផែនការអភិវឌ្ឍន៍ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ដូចជាដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួង ជាមួយនឹងក្រុមហ៊ុន ទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូល

ថាមពលយានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)សម្រួលដោយ:dara



ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យដំណើរការសាងសង់អគារសិក្សា ០១ខ្នងនៅអនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់

អ្នកទស្សនា: Views



ព្រះសីហនុ :ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់
ខេត្តព្រះសីហនុ កំពុងសាងសង់អគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ត្រៀមដំឡើងឱ្យទៅជាសាលាវិទ្យាល័យទួលកែវ នៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២- ២០២៣ខាងមុខ ។ 
នេះបើតាមការឱ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់អគារសិក្សា០១ខ្នង កាលពីរសៀលថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធទី០២ ខែមីនា ឆ្នាំ២០២២។ អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុងមានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង ១០បន្ទប់ សរុបមាន ៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារអាម៉េរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។

 ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣។ ម្យ៉ាងដោយមើលឃើញ ពីផលលំបាកសម្រាប់សិស្សានុសិស្ស និងការប្រឈមនិងគ្រោះថ្នាក់់ចរាចរណ៍របស់សិស្សដែលរៀនចប់នៅអនុវិទ្យាល័យបានបោះបង់ចោលការសិក្សា ដោយសារតែខ្វះខាតជីវភាព។ពិសេសមធ្យោ បាយធ្វើដំណើរទៅសាលារៀននៅឆ្ងាយមានចំនួន ០៣ឃុំ មានដូចជាឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានតែអនុវិទ្យាល័យ មិនមានវិទ្យាល័យនៅជិត។

 ពេលដែលរៀនចប់នៅអនុវិទ្យាល័យសិស្សទាំងអស់ត្រូវទៅរៀនបន្តនៅវិទ្យាល័យវាលរេញ ដែលមានចម្ងាយឆ្ងាយ។ ដោយមើលឃើញផលលំបាករបស់សិស្ស ទើបឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានពិគ្រោះជាមួយលោកឧកញ៉ា តុង ចំរើន ដែលជាសប្បុរសជន និងគោរពសុំយោបល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យលោកឧកញ៉ា តុង ចំរើន ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ក្នុងនាមសម្ដេចតេជោ ហើយយើងក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ លីន សុគន្ធា ដែលមានតម្លៃសាងសង់ចំនួន ៦២ម៉ឺនដុល្លារអាម៉េរិក។

 អគារសិក្សាមួយខ្នងនេះសាងសង់ប្រើរយ:ពេលមួយឆ្នាំ ហើយនៅពេលបើកបវេសនកាលឆ្នាំក្រោយ យើងនឹងមានអគារសិក្សាថ្មីមួយខ្នងនេះ សម្រាប់ឱ្យសិស្សចូលរៀន ដើម្បីប្រែក្លាយអនុវិទ្យាល័យ ទួលកែវ ក្លាយទៅជាវិទ្យាល័យ ។ ទន្ទឹមនោះយើងក៏ត្រូវបណ្តុះបណ្តាលគ្រូបណ្តើរៗ នៅពេលសាលាសាងសង់រួច សិស្សដែលរៀនចប់ឆ្នាំនេះអាចចូលសិក្សានៅវិទ្យាល័យនេះតែម្តង។ សូមបញ្ជាក់ថា សំណង់អគារសិក្សាមួយខ្នងនៅក្នុងបរិវេណសាលាអនុវិទ្យាល័យទួលកែវ ចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២កន្លងមក ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

អភិបាលខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ

អ្នកទស្សនា: Views

   កណ្តាល :ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។

 ត្រូវពង្រឹងលើវិធានការបង្ការ និងទប់ស្កាត់ឱ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្តាល។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ នារសៀលថ្ងៃ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

 បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អប្រសើរ និង ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាអនុវត្តន៍តាមការណែនាំរបស់

ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍តាមវិធានការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ពិសេសគឺប្រភេទវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ចូលក្នុងសហគមន៍៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖​ dara


រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក

អ្នកទស្សនា: Views



(ភ្នំពេញ)៖
 លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។

គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖

១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។

លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។

ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។ ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។

ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។

ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវាសាធារណៈ កាន់តែប្រសើរ។

គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។

ក្របខណ្ឌនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តគាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។

លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕