សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ខេត្តកំពតរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង

អ្នកទស្សនា: Views



កំពត៖ ថ្ងៃព្រហស្បតិ៍ត ១៥កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត បានចូលរួមពិធីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វាក់សាំបានចំនួន ៣៤៤,៧៦៣នាក់ ស្មើ ៨៩.០៩ភាគរយ នៃ ផែនការសរុប៣៨៦,៩៤៨នាក់ ។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ ១០.៩១ភាគរយ ។

-កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់ ។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន១២,៥៩១នាក់ ស្មើ ១៦.០០ភាគរយ ។

-កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បាន ចំនួន៧៧,២០៥នាក់ ស្មើ ១១០.៨២ភាគរយ នៃផែនការ សរុប៦៩៦៦៨នាក់ ។ លើសផែនការ ចំនួន ៧៥៣៧ នាក់ ស្មើ ១០.៨២ភាគរយ ។

-ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន៤១០,៨៧២នាក់ ស្មើ៨៨.២៤ភាគ រយ នៃផែនការសរុប៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ១១.៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗ ក្នុងពេលយុទ្ធនាការ និងអ្នកជំងឺដែលមិនអាចចាក់បាន) ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លាយជាប្រទេសឈានមុខ លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសំរាកមន្ទីរពេទ្យ និងអត្រាមរណៈភាព ប៉ុន្តែមេរោគកូវីដ ១៩ ដ៏កាចសាហាវនេះ នៅតែមានឱកាសឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន ។

ក្នុងឱកាសនោះលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាកិច្ចបញ្ចប់លោកជំទាវបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រកាសបិទការផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១០០ឆ្នាំឡើងទៅក្នុងខេត្តកំពតចាប់ពីថ្ងៃនេះតទៅដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara


នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួមប្រជុំតាមរយៈ វីដេអូអនឡាញ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន

អ្នកទស្សនា: Views

 


ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈវីដេអូអនឡាញ ក្រោមអធិបតីភាពដ៏ខុ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  

ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

អ្នកទស្សនា: Views

ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ គ.ជ.ប បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

+ ក៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

+ ខ៖ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។

*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។

*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។

+ គ៖ បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣,០៤៣នាក់៕




រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ានលើកទី២០តាមប្រព័ន្ធវីដេអូ

អ្នកទស្សនា: Views



 ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២០ តាមប្រព័ន្ធវីដេអូ។

នេះបើយោងតាមរយៈផេកហ្វេសប៊ុកផ្លូវការក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចប្រ៊ុយណេ និងមានការចូលរួមពីតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងអស់ រដ្ឋមន្ត្រីឌីជីថលអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបដោយសង្ខេបជូនអង្គប្រជុំអំពីគោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា កិច្ចប្រជុំក៏បានរៀបចំឱ្យមានជំនួបរវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីឌីជីថលអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការបង្កើតឱ្យមាននូវសង្គតិភាពរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច រួមមាន៖ (១) វឌ្ឍនភាព នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក្រោមភាពជាប្រធានអាស៊ានរបស់ប្រ៊ុយណេក្នុងឆ្នាំ២០២១ (២) អនុសាសន៍របស់របាយការណ៍ ពាក់កណ្តាលអាណត្តិនៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៣)របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ាន ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ (៤) ការត្រៀមដើម្បីរៀបចំឯកសារចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (៥) ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និង (៦) ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕


ធ្លាប់ជាប់គុក០២ដង មិនរាង លុះដល់ពេលចេញមកវិញ ចូលលួចទូរស័ព្ទក្នុងវត្ត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារម្តងទៀត

អ្នកទស្សនា: Views

ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារ០២ដងរួចទៅហើយ ដោយសារករណីហិង្សា និងការប្រើប្រាស់ ជួញដូរគ្រឿងញៀនខុសច្បាប់ លុះចេញមកវិញ ត្រូវបាននគរបាលក្រុងប៉ៃលិន ចាប់ឃាត់ខ្លួនបញ្ជូនទៅដាក់គុកម្តងទៀត ដោយសារចូលលួចទូរស័ព្ទដៃព្រះសង្ឃនៅក្នុងវត្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្នុងវត្តពោធិមារាម ហៅប៉ាហ៊ី​ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ខណៈដែលព្រះសង្ឃបាត់ទូរស័ព្ទ០៣គ្រឿង ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖  ជនរងគ្រោះមាន ព្រះនាម ម៉ែន សំណាង ជន្មាយុ១១ព្រះវស្សា គង់នៅក្នុងវត្ត នៅភូមិ/ឃុំខាងលើ ។

  ប្រភពបន្តទៀតថា ក្រោយពីទទួលពាក្យបណ្តឹងភ្លាម នគរបាលយុត្តិធម៌ នៃអធិការដ្ឋាន.ក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យ០២នាក់មានឈ្មោះដូចខាងក្រោម៖

ទី១- ឈ្មោះ រិះ រ៉ាវី​ ភេទ​ប្រុស​ អាយុ៣៣​ឆ្នាំ​ រស់នៅប៉ាហ៉ីត្បូង​ សង្កាត់ប៉ៃលិន​ ក្រុង/ខេត្តប៉ៃលិន​ មុខសញ្ញាទើបចេញពីពន្ធនាគា ​(ជាប់ពន្ធនាគា​រ២​លេីក​ ករណីហិង្សាបង្ករបួសស្នាម០១លើក និងករណីចែកចាយ ប្រេីប្រាស់គ្រឿងញៀន០១លើក) មានផ្ទុកសារធាតុញៀន ។ ទី២- ឈ្មោះ បិន​ គុណ​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ/ឃុំជាមួយគ្នា (ឆែកឆេរឃើញថ្នាំញៀន០១កញ្ចប់នៅនឹងខ្លួន និងមានផ្ទុកសារធាតុញៀន) ។

ប្រភពដដែលបានបញ្ជាក់ថា ៖ 

វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដែលបានបាត់០៣គ្រឿង (ម៉ាកoppo ០១គ្រឿង Samsung ០១គ្រឿង Vivo ០១គ្រឿង) ។ ថ្នាំញៀន០១កញ្ចប់ និងដែកកែស០១ដើម ។

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីកសាងសណនុំរឿងបញ្ជួនទៅតុលាការអនុវត្តតាមនីតិវិធីបន្ត ៕ ដោយ ៖ខ្មែរម្ចាស់ស្រុក







លោកជំទាវអភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង

អ្នកទស្សនា: Views

 


ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រោយពីភ្លៀងធ្លាក់មកលើក្រុងប៉ៃលិន ធ្វើឱ្យទឹកស្ទឹងបរយ៉ាខា ស្ទុះឡើងគួរឱ្យព្រួយបាម្ភ កំពុងហូរ ត្របាញ់ គំហុកក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យលិចផ្លូវ និងដាច់ប្រព័ន្ធលូមួយកន្លែង នៅភូមិក្រចាប់ ។ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងប៉ៃលិន ចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១នេះ និងបរិមាណទឹកនៅផ្នែកខាងលើមានសភាពហូរខ្លាំងផងបានបង្កឲ្យមានជំនន់ហូរចាក់ទៅក្នុងភូមិសាស្រ្តផ្នែកខាងក្រោម ជាពិសេសភូមិសាស្ត្រស្រុកសាលាក្រៅដែលជាដំបន់ទំនាប ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ អាជ្ញាធរខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត លោកជំទាវ បានឲ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា ត្រៀមកម្លាំង និងសម្ភារៈ ទូក រថយន្ត ស្បៀង និងទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនប្រជាពររដ្ឋ ។

លោកជំទាវអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យត្រៀមរួចជាស្រេចនូវវិធានការនានាដូចជា មធ្យោបាយសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

លោកជំទាវ អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់នេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សា អនាម័យឱ្យបានត្រឹមត្រូវ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ៕










ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។

អ្នកទស្សនា: Views

 

នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។



កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕






ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង តែស្រកទៅវិញមិនប៉ះពាល់ដល់ផលដំណាំ ឬសត្វចិញ្ចឹមប្រជាពលរដ្ឋឡើយ(មានវីដឺអូរខាងក្រោម)

អ្នកទស្សនា: Views

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះថា ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗ គ្នារាល់ថ្ងៃនៅផ្នែកខាងលើ បណ្តាលឱ្យទឹកស្ទឹងបរយ៉ាខា និងទឹកអូរក្នុងក្រុងប៉ៃលិន បានហូរធ្លាក់ទៅកាន់ផ្នែកខាងក្រោម ទើបកាលពីវេលាម៉ោង០២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១  មានករណីជំនន់ទឹកភ្លៀងកើតឡើង បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាប និងហៀរលិចផ្លូវក្រាលក្រួសក្រហម១ខ្សែ លិចវត្តអារាមមួយចំនួន នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ៖ ករណីជំនន់ទឹកភ្លៀងនេះ មិនហក់ស្ទុះឡើងខ្លាំងគួរឱ្យ ព្រួយបារម្ភនោះទេ ព្រោះមានការរាំងភ្លៀងទៅវិញ ដោយទឹកជំនន់មិនស្ទុះហក់ខ្លាំងដូចឆ្នាំមុនៗនោះឡើយ លុះរហូតដល់ពេលព្រឹកថ្ងៃដដែល ទឹកជំនន់នេះ ក៏ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ អាចឱ្យប្រជាបលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និង រថយន្តឆ្លងទៅកាត់ទៅមកតាមធម្មតា ។ 


      ប្រភពដដែលបានបញ្ជាក់ទៀតថា តំបន់លិចទឹក ដោយសារជំនន់ទឹកភ្លៀងខាងលើ គឺជាកន្លែងទំនាប ព្រោះស្ទើររៀងរាល់ឆ្នាំ ឱ្យតែមានករណីភ្លៀងធ្លាក់ជោកជាំនៅផ្នែកខាងលើនៃក្រុងប៉ៃលិន ឬភ្លៀងធ្លាក់ច្រើននៅត្រង់កន្លែងភូមិឃុំទាំងនេះ តែងតែធ្វើឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង និងផលដំណាំ របស់ប្រជាពលរដ្ឋ តែក៏ឆាប់ស្រកទៅវិញ បើសិនជាមេឃមិនបន្តធ្លាក់ភ្លៀង ។  


សូមបញ្ជាក់ថា ៖ ជំនន់ទឹកភ្លៀងនេះបានហូរចូលទៅក្នុង ភូមិផ្ទះស្បូវលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ។ ទឹកជំនន់នេះ លិចផ្លូវលំក្នុងភូមិផ្ទះស្បូវចំនួន០១កន្លែង ហូរឆ្លងកាត់ផ្លូវប្រ វែង១០០ម៉ែត្រ ថែមទាំងលិចផ្លូវចូលទៅក្នុងវត្តភូមិផ្ទះស្បូវចំនួន០១កន្លែង ប្រវែង៥០ម៉ែត្រ និងលិចផ្លូវចូលវត្តបាយសី ចំនួន០១កន្លែង ប្រវែង៨០ម៉ែត្រផងដែរ ។ 


ទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងខាងលើ មិនបង្កផលប៉ះពាល់ដល់ដំណាំដាំដុះរបស់ប្រជា ពលរដ្ឋ ឬសត្វចិញ្ចឹមនោះឡើយ ខណ:ទឹកនេះជន់ក្នុងរយ:ពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ បើសិនជាមានករណីជំនន់ទឹកភ្លៀងឡើងខ្លាំង និងមានរយ:ពេលយូរ ៕






សម្ដេចតេជោ ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០$ ក្រោយទទួលបានជ័យជំនះ លើក្រុមកីឡាករកោះហ្គាំ

អ្នកទស្សនា: Views



 ភ្នំពេញ :ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រនៃកម្ពុជា បានបង្ហោះសារឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០$ ក្រោយទទួលបានជ័យជំនះ ២-១លើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបង្ហោះសារថា «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា «ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ» ។

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

សម្រួលផ្សាយ៖ ដារា៉

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា, ភ្លៀងបន្តធ្លាក់កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់

អ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលមាន៖

* នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
* នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
* នៅថ្ងៃទី១៨ -១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប។

ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕




នគរបាលក្រុងប៉ៃលិន តាមប្រមាញ់ចាប់ក្មេងទំនើង ដែលយកកាំបិតកាប់ចាក់គ្នាបានចំនួន៥នាក់

អ្នកទស្សនា: Views

  

  ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៧ និង០០ នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ក្រោយទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋានក្រុងប៉ៃលិន បានសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន បើកការស៊ើបអង្កេតករណីអំពើហិង្សាក្មេងទំនើងយកកាំបិតកាប់ចាក់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ដេរអស់ជាង២០ថ្នេរ ។ ស្រាប់តែប្រទះឃើញមុខសញ្ញាជនសង្ស័យ មានគ្នាចំនួន០៥នាក់ កំពុងអង្គុយលេងនៅចំណុចព្រះវិហ៊ាសរសរ៨ទិស ស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទើបកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន សួរនាំ និងឆែកឆេររកឃើញកាំបិត០១ដើម ក៏បាននាំខ្លួនទៅកាន់អធិការដ្ឋានក្រុងប៉ៃលិន ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១  កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹង ករណីហិង្សា០១ករណី ពីឈ្មោះ ញ៉ាត វ៉ាន់ឆៃ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលករណីហិង្សានេះ បានកើតឡើងនៅថ្ងៃដដែល ត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ  រី ធា ភេទប្រុស  អាយុ១៦ ឆ្នាំ  ជាអ្នកលក់ដូរ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ( រងរបួសក្បាលផ្នែកខាងក្រោយដេរអស់ជាង២០ថ្នេរ និងរបួសដៃឆ្វេងដេរអស់ចំនួន០៥ថ្នេរ) ។ 

ចំណែកជនសង្ស័យមានឈ្មោះដូចតទៅ ៖ ទី១- ឈ្មោះ ចាន់ សុផល ហៅឆែប  ភេទប្រុស  អាយុ១៥ឆ្នាំ ជាសិស្ស  រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  (ជនដៃដល់កាប់ចំក្បាលជនរងគ្រោះ ) ។ ទី២-ឈ្មោះ  ឡុក  វណ្ណៈ  ភេទប្រុស  អាយុ១៥ឆ្នាំ  ជាសិស្ស  រស់នៅ ភូមិស្លា  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  (  ជាម្ចាស់ម៉ូតូ  និងជាអ្នកឌុបជនដៃដល់) ។ ទី៣- ឈ្មោះ ជីវ តាំងអ៊ី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិ អូរតាពុកលើ  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ទី៤- ឈ្មោះ  ស្រឿន  រតនា  ភេទប្រុស  អាយុ១៤ឆ្នាំ ជាសិស្ស  រស់នៅ ភូមិ ប៉ាហ៊ីជើង  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន (គ្មានការជាប់ពាក់ព័ន្ធ) ។ ទី៥- ឈ្មោះ  ម៉ែន  ចន្ទ័ណារ៉ុង ភេទប្រុស  អាយុ១៥ឆ្នាំ ជាសិស្ស  រស់នៅភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន (គ្មានការជាប់ពាក់ព័ន្ធ) ។ ប្រភពបន្តទៀតថា ក្រោយពីធ្វើការសាកសួរឃើញថាជនសង្ស័យចំនួន០៣នាក់ គឺមានការពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើ ។ ចំណែកជនពីរនាក់ផ្សេងទៀតគឺគ្មានការពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះទេ ។ 

បច្ចុប្បន្ន ករណីខាងលើនេះ ជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធករណីហិង្សាខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត រីឯយុវជនពីរនាក់ដែលគ្មានការពាក់ព័ន្ធ គឺត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រលប់ទៅផ្ទះវិញ ៕ ដោយ ៖ នាក់ ង៉យ