សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ»

អ្នកទស្សនា: Views


ដើមហេតុដែលនាំឱ្យមានការស្នើបែបនេះ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលអន់ចិត្តអ្វីមួយ។


តាមបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ»។

សម្តេចបានបន្តថា៖ «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»៕

អភិបាលរាជធានីភ្នំពេញ រម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្ដទុកដាក់ និងកុំ​ ភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកនេះ

អ្នកទស្សនា: Views

  

ភ្នំពេញ :ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្ញើសារក្រើនរម្លឹក​ដល់បងប្អូន ប្រជា​ពល​រដ្ឋ ដែលធ្វើដំណើរកម្សាន្ត ឬជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាក ក្នុងឱកាសព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ និងគោរពទៅតាមវិធាន របស់ ក្រសួង​សុខាភិបាល ក្នុងឱកាសថ្ងៃឈប់សម្រាក ដោយប្រកាន់ភ្ជាប់នូវវិធានការ​របស់ក្រសួង​សុខាភិបាល និងកុំភ្លេច ៣ កុំ ៣ ការពារ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ត្បិតឆ្នាំនេះ​ទោះបីជារាជរដ្ឋាភិបាលមិនបានធ្វើសកម្មភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក និងការប្រណាំង​ទូក​ក្ដី តែប្រមុខរាជរដ្ឋាភិបាល នៅតែអនុញ្ញាត ឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ - កម្មការិនី បានឈប់សម្រាក ដើរកម្សាន្ត ជាធម្មតា។ លោកបានបន្ដថា ដូច្នេះ រាល់ការជួបជុំ បងប្អូននៅ តាមផ្ទះ ឬធ្វើដំណើរ កម្សាន្ត ទៅកាន់ ទីណាក៏ដោយ គឺត្រូវចងចាំ និងអនុវត្តន៍ ជាដាច់ខាតនូវ វិធានការ ៣ កុំ ៣ ការពារ ។

​សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញបានដឹកនាំប្រជុំគណ:បញ្ជាការឯកភាព ទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដែលបានចេញបញ្ជា ឱ្យ​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរគ្រប់ខណ្ឌទាំង១៤ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង​ការពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕


ជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ខណៈរាជរដ្ឋាភិបាលត្រៀមទីតាំងដើម្បីឱ្យពួកគេស្នាក់នៅបណ្តោះអាសន្ន

អ្នកទស្សនា: Views

  

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោម គោលការណ៍ មនុស្សធម៌ ដោយយោងទៅតាមការ សម្រេច របស់ រដ្ឋាភិបាល កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីចុះសហការជាមួយបុគ្គលិកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា (The Asia Foundation) នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះពិនិត្យទីតាំងខុនដូរ (Axis Residences) សម្រាប់ស្នាក់នៅរយៈពេលវែងរបស់បុគ្គលិកអង្គការមូលនិធិអាស៊ី (The Asia Foundation) ដែលជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារ ចំនួនប្រហែល៤០ ទៅ៥០បន្ទប់ ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ចម្ងាយប្រមាណ១០០០ម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

ក្រោយចុះពិនិត្យទីតាំងជួលខាងលើ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖ -ផ្ទៃក្រឡាសរុប ២ហិកតា មាន០៨អគារ ក្នុងនោះមាន៦៤០បន្ទប់ -ក្នុងមួយអគារមាន ០៩ជាន់ ក្នុងមួយជាន់មានចាប់ពី ០៨ ទៅ១២បន្ទប់ តាមទំហំអគារ -ជាន់នីមួយៗ មានបន្ទប់០៣ប្រភេទ៖ ១-បន្ទប់គ្រែមួយ ទំហំ ៦០ម៉ែត្រការេ ២-បន្ទប់គ្រែពីរ ទំហំ ៨០ម៉ែត្រការេ, ៣-បន្ទប់ Studio ទំហំ ៤៥ម៉ែត្រការ៉េ -មានសន្តិសុខយាម២៤ម៉ោង នៅតាមច្រកទ្វារចេញ-ចូលខាងមុខ និងច្រកទ្វារចេញ-ចូលតាមអាគារនីមួយៗ។

ដោយពិនិត្យឃើញថា អាគារខុនដូរខាងលើមានច្រើនយូនីត(Unit)ដែលអាចឱ្យពលរដ្ឋអាហ្គានីស្ថានទាំងនោះស្នាក់នៅប្រមូលផ្ដុំតែមួយកន្លែងបាន ងាយស្រួលក្នុងការការពារសន្តិសុខ សុវត្ថិភាពរបស់ពួកគេ ហើយស្ថិតនៅជិតព្រលានយន្តហោះផងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើបានសុំគោលការណ៍ពី សម្តេចក្រឡារហាម អនុញាតឱ្យអង្គការមូលនិធិអាស៊ីជួលទីតាំងខាងលើសម្រាប់ប្រើប្រាស់អោយពលរដ្ឋអាហ្វហ្កានីស្ថានទាំងនោះ ស្នាក់នៅបណ្តោះអាសន្នរហូូតដល់ពួកគេចាកចេញទៅប្រទេសទី៣៕


ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំង

អ្នកទស្សនា: Views

 

ព្រះសីហនុ :ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

រសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរបរទេសវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រព័ន្ធ Zoom Meeting មានក្រុង ស្រុកទាំង៥ ចូលរួម និងអង្គភាពពាក់ពន្ធនានាក្នុងខេត្ព្រះសីហនុ ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរវ៉ាក់សាំង ហើយការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង គឺដើម្បីបើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ។    ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គឺគ្រាន់តែ តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវនៅតាមព្រលានយន្តហោះ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាត ឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ដោយឡែកចំពោះភ្ញៀវទេសចរចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។ ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា ។ 

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយ ទី១-ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្តបាន ។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសជូនសាធារណជន ដែលមិនមានឯកសារចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ-សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ។ ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាព ពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល។   ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវចាប់ផ្តើមអនុវត្តន៍ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

ដោយ ងូ សុមុនី សម្រួលផ្សាយ៖ dara

ប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី

អ្នកទស្សនា: Views

ព្រះសីហនុ :ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ផ្តើមចេញពីការបើកទេសចរណ៍ក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។​

ក្នុងដំណើរកម្សាន្តរបស់ប្រតិភូខេត្តព្រះសីហនុ ទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី បានបង្ហាញពីការ "ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី" ដែលជាការបើកឱ្យដំណើរការឡើងវិញនូវទេសចរណ៍ក្នុងស្រុក បើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយដែរ ។

​នៅពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ នៃខេត្តកោះកុង ត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងចាប់ពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងឈានទៅបើកទទួលទេសចរវ៉ាក់សាំងបន្តទៀតនៅខេត្តសៀមរាបនាខែមករា ឆ្នាំ២០២២ និង បន្តឈានទៅបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។

ទន្ទឹមនឹងការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែធ្វើការណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ងូ សុមុនី

សម្ដេចតេជោ ហ៊ុន សែន៖ ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីនានាខាងសាសនា មិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំឬតូច បូកជាមួយនឹងវិធានការសុខាភិបាល ដែលត្រូវប្រកាន់យក

អ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបអាពិពាហ៍ពិពាហ៍និងពិធីនានាខាងសាសនា មិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្ស ជាមួយនឹងវិធានការដែលក្រសួងសុខាភិបាលដាក់ចេញ។ ដូច្នេះបងប្អូនអាចអញ្ជើញភ្ញៀវច្រើនឬតិច ទៅតាមទំហំនៃទីកន្លែង បូកជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យក។

ក្នុងសារជាសំឡេងជូនជនរួមជាតិ ទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំបានប្រកាសថាឱ្យរៀបចំអាពាហ៍ពិពាហ៍ ដោយកំណត់មនុស្សយ៉ាងច្រើន ២០០នាក់ ដោយមិនគិតអ្នកផ្ដល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យការធ្វើបែបនេះ គឺមិនសមស្របនោះទេ គឺយើងយកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាល។

សម្តេចតេជោបានលើកជាឧទាហណ៍ ថា គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន គេអាចអញ្ជើញភ្ញៀវចំនួន ៥០០នាក់ ៧០០នាក់ ឬ ១ ០០០ នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់ នូវការរក្សានូវគម្លាតសុវត្ថិភាពទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីនេះទៀតសោត គ្នាតិចឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការនៃសុខាភិបាល។

សម្ដេចតេជោលើកឡើងថា ព្រោះបើយើងកំណត់ ២០០នាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង គឺអាចពិបាកទៅនឹងអនុវត្តន៍។ សម្ដេចតេជោគូសបញ្ជាក់ថា «ដូច្នេះ ខ្ញុំសូមផ្ដល់ជូនបងប្អូនជនរួមជាតិ គឺសម្រេចចិត្តទៅតាមទីកន្លែងដែលមាន នោះគឺទាក់ទិនជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ ហើយដែលត្រូវអញ្ជើញមនុស្សតិច ឬមនុស្សច្រើន គឺអាស្រ័យទៅលើទំហំនៃទីកន្លែង ហើយក៏ត្រូវពិនិត្យឱ្យបានច្បាស់ចំពោះចំនួនអ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍ អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់សាំងបាន២ដូស។ ក្នុងករណីអ្នកដែលមិនបានចាក់វ៉ាក់សាំង ដោយសារការហាមឃាត់របស់គ្រូពេទ្យគឺមិនជាបញ្ហានោះទេ ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំង មិនគួរគប្បីត្រូវបានលើកទឹកចិត្តឱ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេ ដែលវាអាចទៅជាភ្នាក់ងារចម្លងនៅក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍ ដែលត្រូវរៀបការ»។

សម្ដេចតេជោថ្លែងទៀតថា ដូច្នេះបងប្អូនជនរួមជាតិ មានលទ្ធភាព ដើម្បីអញ្ជើញភ្ញៀវមិនមែនត្រឹម២០០នាក់ទៀតទេ គឺមានលទ្ធភាពរាប់រយ ច្រើនរយ រហូតដល់រាប់ពាន់នាក់ ទៅតាមទីតាំងដែលសមស្រប តាមការកំណត់របស់ក្រសួងសុខាភិបាល។ ឧទាហណ៍ ក្រសួងសុខាភិបាលកំណត់ឱ្យចំនួន៧នាក់ក្នុងមួយតុ បើនៅកន្លែងនោះអាចដាក់បាន១០០តុ គេអាចដាក់បានដល់ទៅ៧០០នាក់តែម្ដង ហើយគឺមិនគិតទៅដល់អ្នកភ្លេង អ្នកបម្រើ និងអ្នកផ្ដល់សេវាដទៃទៀត។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនៅពិធីឱ្យបានសមរម្យ ក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់»។ចំណុចនេះ ដែលអាចដោះស្រាយបាននូវកង្វល់របស់បងប្អូន ដែលថាហៅភ្ញៀវមិនគ្រប់ ហើយបន្ថែមលើនោះដាក់បន្ទុកទៅលើការលំបាករបស់បងប្អូន។ ដូច្នេះគឺអាស្រ័យ ទៅតាមលទ្ធភាព និងទីកន្លែងរបស់បងប្អូនតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ទៀតថា សម្រាប់ខាងវិស័យសាសនាវិញ ក៏យើងមិនកំណត់នូវចំនួនមនុស្សដែលចូលរួមនោះទេ ហើយកិច្ចការងារនេះ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងធម្មការ និងសាសនា ដោយកំណត់យកការរក្សាគម្លាតធ្វើជាមូលដ្ឋាន ដែលការកំណត់មនុស្សគឺមិនត្រូវទេ បើសិនជាយើងថាកំណត់មនុស្ស២០០នាក់ ក្នុងមួយកម្មវិធី។ ដូច្នេះត្រូវយកស្តង់ដាររក្សាគម្លាត មួយម៉ែត្រកន្លះ។ ដូច្នេះសូមឱ្យបងប្អូនទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ និងសាសនាដទៃទៀតអនុវត្តយកគោលការណ៍ ផ្ដើមចេញពីវិធានការសុខាភិបាល រក្សាគម្លាតមួយម៉ែត្រកន្លះ ធ្វើជាមូលដ្ឋាននៃការជួបជុំ គឺយើងមិនបានកំណត់ចំនួនមនុស្សនោះទេ ទីកន្លែងធំអាចមានភ្ញៀវច្រើន ទីកន្លែងតូចអាចមានភ្ញៀវតិច។ ដូច្នេះបងប្អូនដោះស្រាយបញ្ហានេះដោយភាពម្ចាស់ការ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវពិនិត្យអំពីអ្នកដែលចូលរួមដែលបានទទួលវ៉ាក់សាំង ឬមិនបានទទួលវ៉ាក់សាំង ហើយត្រូវមានម៉ាស មានអាល់កុល រក្សាគម្លាតសុវត្ថិភាពជាការចាំបាច់។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏នូវតែអំពាវនាវឱ្យរក្សានូវគម្លាត បន្ថែមទៅដោយការទទួលបានវ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យក ដូចជា នៅពេលដែលចូលទៅដល់កន្លែងពិធី ទាំងពិធីតាមប្រពៃណី និងតាមពិធីដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ នៅទីកន្លែងដែលគេហៅថា«ស៊ីការ» ការប្រើអាល់កុលលាងដៃ ការពិនិត្យកំដៅ នៅតែចាំបាច់សម្រាប់ឱ្យបងប្អូនមានសុវត្ថិភាព នៅក្នុងពេលរៀបអាពាហ៍ពិពាហ៍សម្រាប់គូរស្រកថ្មី៕

ដោយ ជឹម ណារី សម្រួលផ្សាយ៖ កន ចំណាន

អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ

អ្នកទស្សនា: Views

  


ព្រះសីហនុ :ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

រសៀលថ្ងៃ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិបាលរងខេត្ត និងមន្ត្រីមន្ទីរជំនាញចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។ ទីលានតេជោនេះ សម្រាប់ប្រារព្ធពិធីបុណ្យជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្ត ។

​ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ និងតាមបទដ្ឋានលក្ខណៈស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាពខ្ពស់ ក្នុងការប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនោះរៀបចំទីតាំងដំឡើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ចៀសវាងពេលសាងសង់រួច យើងធ្វើការកាយម្តងទៀត។

ទីលានតេជោនេះគ្រោងសាងសង់បញ្ចប់នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ វាជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាមក លេងកម្សាន្ត ។​

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្ស ទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសមិទ្ធផល ដែលកំពុងកើតមាននៅលើទឹកដី នៃក្រុងព្រះសីហនុរបស់យើង។ ដោយសារតែកន្លងមក និងថ្មីៗនេះមានជនខិលខូចបានលួចកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ៨៣៥ ដែលរដ្ឋបាលខេត្តបានចំណាយលុយធ្វើការជួសជុល ដើម្បីតភ្ជាប់ភ្លើងបំភ្លឺផ្លូវនេះ ជូនសាធារណជនបានប្រើប្រាស់ នៅតែមានជនខិលខូចលួចកាត់បំផ្លាញជាបន្តបន្ទាប់ បើមិនបានចូលរួមកសាង សូមកុំមេត្តាបំផ្លាញ។ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា និងសូមអ្នកទិញ ត្រូវបញ្ឈប់ការទិញផលចោរកម្ម ដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើង ហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះ វាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរ នៅពេលយប់របស់ប្រជាពលរដ្ឋ និងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផង។ ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ៕

ដោយ ងូ សុមុនី

រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣

អ្នកទស្សនា: Views

ព្រះសីហនុ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

នារសៀលថ្ងៃ៦កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងស្រុក មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើ ។

ក្រោយពីស្តាប់របាយការណ៍របស់មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើដែលជាមន្ត្រីជំនាញថា មានរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ក្នុងនោះមានក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។

សហប្រធាននៃអង្គប្រជុំបានសម្រេចឱ្យបង្កើតគណៈកម្មការមានសមាសភាពចូលរួមដូចជា៖ មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរ ក្រុង ស្រុកទាំង៣ ដឹកនាំដោយនាយកទីចាត់ការអន្តរវិស័យ ដើម្បីចុះពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ដែលកំពុងអនុវត្តន៍ដោយខុសច្បាប់ និងត្រូវបិទបញ្ចប់ទីតាំងនោះតែម្តង ប្រសិនបើរកឃើញថាគ្មានច្បាប់ ដើម្បីធ្វើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ របស់យើងឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល ៕

ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ dara

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ជួបរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស

អ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវ:ចម្រុះ និងជាពិសេសការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោកជំទាវ Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស នៅទីក្រុង Glasgow ចក្រភពអង់គ្លេស កាលពីថ្ងៃ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខណ្ឌ នៃការចូលរួមសន្និសីទកំពូល នៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅចក្រភពអង់គ្លេស។

ក្នុងឱកាសជួបពិភាក្សានោះ លោកជំទាវ រដ្ឋមន្រ្តីបានថ្លែងអំណរគុណនិងកោតសរ សើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ភាគីទាំងពីរបានប្តេជាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ៕

ដោយ ពេជ្រ ណារិទ្ធ, សម្រួលផ្សាយ៖ dara

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មី ក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់តម្លៃជាង២៨ លានដុល្លារ

អ្នកទស្សនា: Views



   សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នៅ​ព្រឹក​ថ្ងៃ០៨ខែវិច្ឆិកាឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីការថ្មីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក ។

   អគារក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិ បាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកា ជាតិ ដើម្បីបង្កើតនូវសមិទ្ធ ផលជាទីមោទន ភាពសម្រាប់ជាតិផងដែរ។

   អគារទីស្តីការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

   អគារទីស្តីការក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោ យប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ដល់ចុងកំពូលបុស្បុក៨៨. ៥ ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក៣៣ .២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

  ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អា ហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល បណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

    ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូចនិងមធ្យមចំណុះ៣៨៦ នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំង ឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនា យកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេ ខាធិការ អនុរដ្ឋលេខាធិការ សាលសវនា ការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។ ជាន់ទី៥ មានសាលប្រ ជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិ យាល័យសម្រាប់ជួលដល់វិស័យឯកជន។

  អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរា ណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

     ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣.២៨ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧ សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។

    តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ ភាគ២ នៃតួបាកាណប្រា សាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាង ក្រោយចែកចេញជា៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២ សង្កាត់ និងមាន ទម្រង់ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។

  តួអគារលម្អដោយច្រកចេញចូលទាំង ៤ ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរ ថ្មម៉ាបកំពង់ ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើមជាទម្រ តំ ណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត ។

  និយាយជារួម អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញ ចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ហើយអ្វីជា មោទនភាពជាពិសេសនោះ គឺស្ថាបត្យ កម្មដ៏ល្អវិចិត្រនៃសំណង់អគារទាំងមូល៕

លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន ទទួលប្រាក់ឧបត្ថម្ភប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិចាស់ជរា​ របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

អ្នកទស្សនា: Views


ប៉ៃលិន៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន​ អមដំណើរដោយក្រុមការងារ​ ព្រឹក ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។


ឯកឧត្តម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ បានស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។


ឯកឧត្តមតំណាងរាស្ត្រ បានលើកឡើងថា មូលនិធិនេះបាន​បង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និង​និន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។


ឯកឧត្តមក៏បានអំពាវនាវដល់ ដល់លោកយាយ​ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល។


លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។


សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦២នាក់ដោយ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕








សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ

អ្នកទស្សនា: Views


 រាជធានីភ្នំពេញ : ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។

អញ្ជើញអមដំណើរសម្តេចតេជោ ចូលរួមគោរពវិញ្ញាណក្ខន្ធដ៏ក្រៀមក្រំនេះ រួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា តាមរយៈសាររំលែកទុក្ខដែលផ្ញើទៅកាន់ក្រុមគ្រួសារនៃសពកាលពីម្សិលមិញ សម្តេចតេជោ បានលើកឡើងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយទទួលបានដំណឹងនៃមរណភាពរបស់ឯកឧត្តម ងួន ញ៉ិល។

សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត។

ជាពិសេសមរណភាពរបស់ឯកឧត្តម ងួន ញ៉ិល ក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

សូមបញ្ជាក់ជូនថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រវិស័យឯកជនបណ្ដុះធនធាននិស្សិតខ្មែរលើជំនាញស្ថាបត្យកម្ម

អ្នកទស្សនា: Views

MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រគម្រោងសហការរបស់ក្រុមហ៊ុន AGENT21 GLOBAL និង LSCG លើវិស័យស្ថាបត្យកម្ម ដើម្បីបណ្ដុះធនធាននិស្សិតខ្មែរលើវិស័យនេះឱ្យបានកាន់ តែច្រើន ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេស ។ ការគាំទ្របែបនេះក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក លី សុខឆាយ អគ្គនា យកក្រុមហ៊ុនអចលនទ្រព្យ LSCG REAL ESTATE នៅកម្ពុជា និងសហការីចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។   ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានសំដែងនូវការរីករាយ ដោយបានឃើញក្រុមហ៊ុន LSCG REAL ESTATE  និងក្រុម AGENT21 GLOBAL សហការគ្នាជួយដល់និស្សិតកម្ពុជា  ឱ្យបានទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ ក្នុងផ្នែកអាស៊ីតិចនេះ ឱ្យមានជំនាញកាន់តែច្បាស់លាស់បន្ថែមទៀត ព្រោះយុវជន គឺ ជាទំពាំងស្នងឫស្សីនៃប្រទេស ជាតិ នៅពេលដែលមានចំ ណេះដឹង និងជំនាញពិត ប្រាកដ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ បានកាន់តែរីកចម្រើន បន្ថែមទៅមុខទៀត។ ក្នុងឱកាសនោះ ក្រុមហ៊ុន LSCG REAL ESTATE  បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុន AGENT21 GLOBAL សហការជាមួយ Master Club ក្នុងការផ្តល់អាហារូបករណ៍ និស្សិតកម្ពុជា នៅសាលារចនាផ្នែកអាស៊ីតិច  ដែលមានជំនាញគូរគំនូសប្លង់គ្រប់ប្រភេទ មានជាអគារ ខុនដូ សណ្ឋាគារ អាផាតមិន ការរចនាអគារនានា ឱ្យមានសោភ័ណភាពស្រស់ស្អាត ។ សម្រាប់អាហាររូប ករណ៍ ដែលក្រុមហ៊ុនមាន គឺអាចឱ្យនិស្សិតបានទៅសិក្សាបន្ត ដូចជានៅសហរដ្ឋអាមេ រិក ជប៉ុន ចិន និងប្រទេសថៃ ។ កិច្ចការងារ ទាំងនេះ គឺដោយសារក្រុមហ៊ុន បានពិនិត្យឃើញថា កូនខ្មែរបច្ចុប្បន្ន មានភាពឆ្លាតវៃក្នុងវិស័យនេះច្រើន ដូចនេះហើយទើបក្រុមហ៊ុនទាំងពីរ បានចាប់ដៃគ្នា សហការជាមួយសាលារចនា ក្នុងការជ្រើសនិសិ្សត ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ជាងគេ គឺក្រុមហ៊ុនជាអាហារូបករណ៍ បានទៅសិក្សានៅក្រៅប្រទេស ដោយឥតបង់ថ្លៃ ដើម្បីទទួលបានចំណេះ និងជំនាញថ្មីៗបន្ថែមទៀតមកចូលរួមធ្វើការអភិវឌ្ឍប្រទេសជាតិវិញ ដែលកំពុងមានការរីកចម្រើនលើ វិស័យ អចលនទ្រព្យ សំណង់ អគារនានាជាច្រីនបានកំពុងដំណើរ ការសាងសង់ ៕


ឯកឧត្តម ឃួង ស្រេង ត្រូវបានដំឡើងឋានៈ

អ្នកទស្សនា: Views

  រាជធានីភ្នំពេញ : ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម ឃួង ស្រេង ត្រូវបានដំឡើងឋានៈ ពីអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទៅជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។