សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តអ្នកផលិតមាតិកា ឱ្យរួមគ្នាផ្សព្វផ្សាយ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីលើកកម្ពស់មុខមាត់កម្ពុជា

អ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកផលិតមាតិកា ឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា និងលើកកម្ពស់មុខមាត់ជាតិនៅលើឆាកអន្តរជាតិ។
ក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសអ្នកផលិតមាតិកាបណ្តាញសង្គម នាសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីភ្ញៀវអន្តរជាតិមកពីជាង ២០ប្រទេស រួមមាន៖ អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសអាស៊ាន ឥណ្ឌា អាហ្វ្រិក និងអឺរ៉ុប។
ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់អ្នកបង្កើតមាតិកាសង្គមទាំងអស់ ក្នុងការរួមចំណែកផ្សព្វផ្សាយពីមោទនភាពជាតិ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងមានប្រសិទ្ធភាព រហូតទទួលបានការទទួលស្គាល់ថា បច្ចុប្បន្ននេះ ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង និងការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីអ្នកសារព័ត៌មានអន្តរជាតិជាង ៣០០នាក់ ដែលបានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ អ្នកផលិតមាតិកាបណ្តាញសង្គមក៏មានតួនាទីសំខាន់ក្នុងការបន្តផ្សព្វផ្សាយ និងផលិតវីដេអូដើម្បីបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព និងសុវត្ថិភាពពេញលេញ ខុសពីការផ្សព្វផ្សាយរបស់ប្រទេសមួយចំនួន ដែលមានចេតនាអាក្រក់មកលើកម្ពុជា។
«អ្នកផលិតមាតិកា គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ។ ដូច្នេះ តើអ្នកទាំងអស់គ្នាអាចជួយអ្វីបានខ្លះ? ទី១. ជួយផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ទី២. បង្ហាញពីសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អនៅកម្ពុជា ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍ និងទី៣. បង្ហាញពីជំនឿទុកចិត្តរបស់បណ្តាប្រទេសនានា ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។»
ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានទាំងអស់ ឱ្យចុះឈ្មោះចូលរួមយកព័ត៌មានក្នុង «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ឱ្យបានទូលំទូលាយ ព្រោះនេះជាភារកិច្ចរួមរបស់យើងទាំងអស់គ្នាក្នុងការជួយផ្សព្វផ្សាយជូនជាតិ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។
គោលបំណងនៃសន្និសីទអន្តរជាតិនេះ មានចំនួន៣ រួមមាន៖ ទី១. ស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញ និងឆាប់រហ័សនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២. បង្កើនកិច្ចសហប្រតិបត្តិការ ពីព្រោះនេះជាបទល្មើសឆ្លងដែន ដែលមិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ និងទី៣. ចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការនីមួយៗ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងបិទទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ព្រមទាំងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺននាក់។ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីកំពុងស្ថិតក្នុងដៃតុលាការ៕





0 comments:

Post a Comment